Tuesday, October 18, 2016

ស្ថានភាព​ផ្សារភាគហ៊ុន និង​រូបិយប័ណ្ណ​មាន​ការ​​ប្រែប្រួល​យ៉ាងណា​ក្នុង​ថ្ងៃ​នេះ?

Sokleng on 18-Oct-2016

នៅ​ថ្ងៃ​នេះ​ការ​ជួញដូរ​ភាគហ៊ុន​នៅ​​លើ​ទីផ្សារ​អាស៊ី​​មាន​ការ​​ឡើង ​ចុះ​មិន​ស្រប​គ្នា ដោយ​ក្នុង​នោះ​ផ្សារភាគហ៊ុន​ជប៉ុន​បាន​ធ្លាក់​ថ្លៃ ដោយសារ​តែ​លុយ​យ៉េន​​បាន​ឡើង​ថ្លៃ វិញ។ ផ្សារភាគហ៊ុន Nikkei 225 បាន​ធ្លាក់​ចុះ​អស់ ០,២០% ខណៈ​ដែល​ផ្សារភាគហ៊ុន Topix បាន​ធ្លាក់​ថ្លៃ​អស់ ០,២២%។
លុយ​យ៉េន​ជប៉ុន​បាន​ឡើង​ថ្លៃ​វិញ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៣,៧០ យ៉េន​ក្នុង​មួយ​ដុល្លារ ក្រោយ​ជួញដូរ​ក្នុង​តម្លៃ ១០៤,០៤ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ។ នេះ​បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នាំ​ចេញ​ធំៗ​ដូច​ជា​ក្រុមហ៊ុន Toyota បាន​ធ្លាក់​ថ្លៃ​អស់ ០,៨៣% ក្រុមហ៊ុន​Honda ធ្លាក់​ថ្លៃ​អស់ ០,៥២% និង ក្រុមហ៊ុន​ Nissan ធ្លាក់​ចុះ​អស់ ០,២៧%។
នៅ​ទឹកដី​កូរ៉េ​ខាងត្បូង ផ្សារភាគហ៊ុន Kospiបាន​ឡើង​ថ្លៃ​ ០,៣៧% ​ពោល​គឺ​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាង​ផ្សារភាគហ៊ុន​អូស្ត្រាលី​​ដែល​បាន​ឡើង​ថ្លៃ ​ត្រឹម ០,១៩%។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល​ធំៗ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៤៨% ផ្ទុយ​ពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដែល​បាន​ឡើង​ថ្លៃ ០,១៣%។
នៅ​នូវែលហ្សេឡង់ ផ្សារភាគហ៊ុន NZX 50 បាន​ធ្លាក់​ចុះ​អស់ ១,២៧% បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្ហាញ​ទិន្នន័យ​ថា តម្លៃ​ទំនិញ​នៅ​ទូទាំង​ប្រទេស​បាន​​ឡើង​ថ្លៃ​ខ្ពស់​ជាង​ការ​រំពឹង​ទុក។ យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ដដែល ថ្លៃ​ទំនិញ​ទូទៅ​បាន​ឡើង​ថ្លៃ ០,២% នៅ​ក្នុង​ត្រីមាស​ទី​៣ ខណៈ​ដែល​​កំណើនអតិផរណា​ប្រចាំ​ត្រីមាស​​នេះ​មាន​ចំនួន ០,២% បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​មុន​ដែល​មាន​ត្រឹមតែ ០,៤%។
អតិផរណា​នេះ​បាន​ជំរុញ​ឲ្យ​ប្រាក់​ដុល្លារ​​នូវែលហ្សេឡង់​​ត្រូវ​បាន​ ជួញដូរ​នៅ​ក្នុង​ចន្លោះ​ពី ០,៧១២៤ ដល់ ០,៧១៨៤ ដុល្លារ។ នៅ​លើ ទីផ្សារ​រូបិយប័ណ្ណ​ទូទៅ ប្រាក់​ដុល្លារ​មាន​សញ្ញាណ​ល្អ​ដែល​ត្រូវ​បាន​ជួញដូរ​ក្នុង​​ខ្ទង់ ៩៧,៧១៩ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ ៩៨,១៧ នៅ​ក្នុង​ទីផ្សារ​អាស៊ី។
ងាក​ទៅ​មើល​​ផ្សារភាគហ៊ុន​អាមេរិក Dow Jones បាន​ធ្លាក់​ថ្លៃ​​អស់ ៥១,៩៨ ខ្ទង់ ឬ ស្មើ​នឹង ០,២៩% ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។ ចំណែក​ផ្សារភាគហ៊ុន S&p 500 បាន​ធ្លាក់​ថ្លៃ​អស់ ៦,៤៨ ខ្ទង់​ ឬ​ស្មើ​នឹង ០៣% ខណៈ​ដែល​ផ្សារភាគហ៊ុន Nasdaqបាន​ធ្លាក់​ថ្លៃ​អស់ ១៤,៣៤ ខ្ទង់ ឬ​ស្មើ​នឹង ០,២៧%៕


More information: Tel: 098 24 20 18

No comments:

Post a Comment